
ពិធីសំណេះសំណាល និងជូនដំណើរនិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទៅធ្វើកម្មសិក្សារយៈពេល១១ខែ
នៅប្រទេសអ៊ីស្រាអែល
ភ្នំពេញ, នៅវេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរនិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ ត្រូវធ្វើកម្មសិក្សារយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម
វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានធ្វើ សេចក្តីរាយាការណ៍ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមគណៈប្រតិភូទាំងអស់ អំពីវឌ្ឍនភាពរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ក្នុងឧកាសនោះដែរ ឯកឧត្តមនាយកវិទ្យាស្ថាន បានមានចំណាប់អារម្មណ៍ និងណែនាំដល់និស្សិតទាំងអស់ អោយប្រឹងប្រែងរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅប្រទេសអ៊ីស្រាអែល និងបង្កើនការយកចិត្តទុកដាក់អោយបានខ្ពស់ ព្រោះថានេះជាឪកាសដ៍ល្អមួយសម្រាប់ប្អូនៗក្នុងការទទួលយកនូវបទពិសោធន៍និងបច្ចេកទេសថ្មីៗនិងទំនើបៗនៅអ៊ីស្រាអែល ដើម្បីពាំនាំយកនូវបទពិសោធន៍ទាំងនោះមកជួយអភិវឌ្ឍន៍ប្រទេសជាតិយើងលើវិស័យកសិកម្មឲ្យកាន់តែជឿនលឿន។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានមតិសំណេះសំណាលជាមួយនិស្សិតផ្ទាល់ និងបានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ជាពិសេសជាមួយក្រុមហ៊ុន Sedot Negcv Agriculture Training Center(SNAC) ដែលបានផ្តល់ឪកាសដល់និស្សិតអោយធ្វើកម្មសិក្សានៅអ៊ីស្រាអែល ដើម្បីដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តន៍។ ឯកឧត្តមរដ្ឋមន្រ្តី ក៍បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ទាំងការសិក្សា ការងារជាមន្រ្តីរាជការ និងជាអ្នកដឹកនាំដល់និស្សិតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់និស្សិត អោយខិតខំរៀនសូត្រនូវចំណេះដឹងនិងបច្ចេកទេសថ្មីៗ ដើម្បីរួមគ្នាគិតគូដោះស្រាយរាល់បញ្ហាដែលកសិករយើងកំពុង ប្រឈម អោយទាន់ពេលវេលា និងមានប្រសិទ្ធភាពឆ្ពោះទៅធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាជាជំហានៗប្រកប ដោយចីរភាព និរន្តភាព មានលក្ខណៈប្រគួតប្រជែង បរិយាប័ន្ន ធន់និងការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍។
យោងតាមរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានគូសបញ្ជាក់ថា! ការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SNAC ដើម្បីលើកំពស់ធន់ធានមនុស្ស ទាំងសមត្ថភាពទ្រឹស្តី និងសមត្ថភាពការងារអនុវត្តន៍ជាក់ស្តែងដល់និស្សិតឆ្នាំទី២ សម្រាប់រយៈពេល១១ខែនៅប្រទេស អ៊ីស្រាអែល លើមុខវិជ្ជាមួយចំនួនរួមមាន៖
១. ស្តង់ដាកសិកម្មអន្តរជាតិ
២. សេដ្ឋកិច្ចកសិកម្ម
៣. ការការពារដំណាំ
៤. គម្រោងស្រាវជ្រាវ
៥. ការអភិរក្សធន់ធានដី
៦. មូលដ្ឋានគ្រឹះប្រព័ន្ធស្រោចស្រពបែបទំនើប
៧. បច្ចេកទេសក្រោយប្រមូលផល
៨. ការធ្វើកសិកម្មឈើហូបផ្លែ
៩. និរន្តរភាពកសិកម្ម ។ល។
ចំណែកជំនាញដែលត្រូវអនុវត្តក្នុងកសិដ្ឋានរួមមាន៖
១. ការចិញ្ចឹមសត្វ
២. សាកវប្បកម្ម
៣. ការប្រមូលផល និងការវេចខ្ចប់
៤. ដំណាំផ្ការ
៥. ការបណ្តុះផ្សិត
៦. គ្រាប់ពូជជាដើម។ល។
សូមបញ្ជាក់ជូនថា ប្អូនៗនិស្សិតនិងត្រូវចេញដំណើរទៅប្រទេសអ៊ីស្រាអែលជាបន្តបន្ទាប់
ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះតទៅ៕