
ពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិតិ្តយស
ជូន សម្តេចក្រឡាហោម ស ខេង
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់នៃកម្រិតអប់រំដ៍ខ្ពង់ខ្ពស់បំផុត របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលត្រូវផ្តល់ជូនដល់ឥស្សារៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះ សម្ធិផលដ៍សំខាន់ៗសម្របតាមបេសកកម្មសាកលវិទ្យាល័យ។ ឯកឧត្តមបានបន្តទៀតថា គណកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្នាដៃទាំងឡាយរបស់សម្តេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ស្នាដៃរបស់សម្តេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ មានលក្ខណៈខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ទាំងផ្នែក សិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់ សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិ ជា ស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនដល់បេក្ខជន សម្តេចក្រឡាហោម ស ខេង។
អញ្ជើញមានប្រសាសន៍ក្នុងឳកាសនោះ សម្តេចក្រឡាហោម ស ខេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលវិទ្យាសាស្រ្ត គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ក៍ដូចជាក្រសួងអប់រំ យុវជននិងកីឡា ដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្តេច ហើយបានសម្រេចផ្តល់នូវសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនដល់សម្តេច៕